ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅសេប៊ូ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នៅថ្ងៃទី 28-29 ខែមករា ឆ្នាំ 2026 តបតាមការអញ្ជើញរបស់លោកស្រី ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន។
តាមក្រសួងការបរទេស កិច្ចប្រជុំនេះធ្វើឡើងក្រោមមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា” ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពចាប់តាំងពីកិច្ចប្រជុំកំពូលអាស៊ានលើកទី 47 និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅម៉ាឡេស៊ី ព្រមទាំងពិភាក្សាអំពីអាទិភាព និងសមិទ្ធផលសំខាន់ៗក្រោមភាពជាប្រធានអាស៊ានរបស់ហ្វីលីពីនសម្រាប់ឆ្នាំ 2026 ក្នុងគោលបំណងសម្រេចសហគមន៍អាស៊ានឆ្នាំ 2045។
រដ្ឋមន្ត្រីការបរទេសអាស៊ានក៏នឹងផ្លាស់ប្តូរទស្សនៈលើទំនាក់ទំនងខាងក្រៅរបស់អាស៊ាន និងមជ្ឈភាពអាស៊ានក្នុងនិម្មាបនកម្មតំបន់ដែលប្រែប្រួលយ៉ាងឆាប់រហ័ស ព្រមទាំងលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម រួមមានការវិវត្តនៅប្រទេសមីយ៉ាន់ម៉ា និងវិធានការតាមដានចំពោះកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2025។ ក្នុងឱកាសនោះ លោកប៉ុន្ដែគ្រោងនឹងមានជំនួបដាច់ដោយឡែកជាមួយសមភាគីអាស៊ានមួយចំនួន ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។